ក្លឹបហាត់ប្រាណជាកន្លែងមួយ សម្រាប់អ្នកដែលចង់បានរាងស្អាត និងសុខភាពល្អចំណាំតែទៅ។ ដូច្នោះហើយរាល់ពេលអ្នកទៅហាត់ប្រាណម្តងៗ គួរតែប្រយ័ត្ននូវទង្វើរបស់ខ្លួន ដើម្បីកុំឲ្យអ្នកដទៃគេមើលមកមិនសម ហើយរិះគន់និយាយដើមអ្នក។
១. ស្លៀកពាក់មិនសមរម្យ
អ្នកអាចគិតថាការស្លៀកពាក់ សិចស៊ី ដូចជាបញ្ចេញដើមទ្រូង ពាក់អាវតែមួយកំណាត់ខ្លួន ឬពាក់រឹបៗខ្លាំង អាចមានភាពទាក់ទាញ និងធ្វើឲ្យគេស្ញប់ស្ញែងច្រណែន នឹងរូបរាងដ៏ស្រឡូនរបស់អ្នក។ ផ្ទុយទៅវិញធ្វើបែបនេះ មិនត្រឹមតែមើលទៅមិនសមភ្នែកទេ ថែមទាំងធ្វើឲ្យគេជ្រេញអ្នកទៀត។
២. តុបតែងមុខខ្លាំងពេក
នរណាក៏ចង់ស្អាតដែរ ប៉ុន្តែឲ្យត្រូវកាលៈទេសៈផង។ បើគ្រាន់តែទៅហាត់ប្រាណ ផាត់មុខដូចទៅញ៉ាំការនោះ ពេលបែកញើសហូររឡិករឡាក់ វាមិនល្អឡើយ។
៣. និយាយដើមគេ
ស្រីៗមួយចំនួនបបួលគ្នាទៅក្លឹបហាត់ប្រាណ លក្ខណ:ខ្នាតធំតែម្តង ប៉ុន្តែបើគិតពីពេលហាត់ប្រាណវិញ គឺតិចជាងពេលនិយាយដើមគេទេ ព្រោះបានជុំជើងគ្នាអង្គុយលើម៉ាស៊ីនលែងចង់ក្រោកហើយ ឯអ្នកផ្សេងគេចាំចូលហាត់ឡើងស្កក។
៤. ទៅរកស្នេហ៍
អ្នកខ្លះទៅដោយសារ កន្លែងនោះមានបុរសសង្ហាៗច្រើន ឬមាន Crush នៅទីនោះ។ ពេលទៅមិនសូវជាផ្ដោតលើ ការហាត់ប្រាណប៉ុន្មានទេ ចេះតែសម្លឹងនេះសម្លឹងនោះ ធ្វើឲ្យខ្ជះខ្ជាយពេលវេលាខ្លួនឯង និងរំខានអារម្មណ៍អ្នកដទៃទៀត។
៥. ប្រើម៉ាស៊ីនហាត់ប្រាណយូរៗពេក
អ្នកមិនគួរ ប្រើពេលយូរពេក នៅលើម៉ាស៊ីនរត់ ឬក៏ម៉ាស៊ីនធាក់កង់នោះទេ ព្រោះអ្នកផ្សេងក៏គេត្រូវការប្រើដូចគ្នាដែរ។ ម្យ៉ាងវិញទៀតប្រើម៉ាស៊ីន តែមួយមុខ ក៏មិនសូវបានផលដែរ អ្នកគួរតែចេះផ្លាស់ប្ដូរឧបករណ៍ ដូចជាលើកការសាច់ដុំ ជាដើម។
៦. ទៅថតរូបហួសហេតុ
មួយប៉ុស្តិ៍ ពីរបុស្តិ៍អី មិនសូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែអ្នកខ្លះវិញ ទៅថតរូប កាច់រាងមុខកញ្ចក់ ទុកបង្ហោះបង្អួតគេ ថាខ្លួនឯងស្រលាញ់ខ្វាយខ្វល់ពីសុខភាព តែតាមការពិត កាន់ទូរស័ព្ទច្រើនជាងហាត់ប្រាណ។ ប្រុសៗឃើញបែបនេះ គេច្បាស់ជាទើសអ្នកស្លាប់ហើយ។

