អាហារពេលព្រឹកគឺជារបបអាហារដ៏សំខាន់បំផុតសម្រាប់រាងកាយក្នុងការចំណាយថាមពលធ្វើការងារពេញមួយថ្ងៃ។ វាត្រូវបានគ្រូពេទ្យណែនាំថា មិនអាចខ្វះបានឡើយសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មី ពុំនោះទេ អ្នកនឹងបាត់បង់ថាមពល និងធ្វើឱ្យសុខភាពទ្រុឌទ្រោមជាលំដាប់។
ផ្ទុយទៅវិញ មិនមែនអាហារអ្វីក៏អាចយកមកញ៉ាំសម្រាប់ជាអាហារពេលព្រឹកឡើយ ជាពិសេសសម្រាប់អ្នកចង់រក្សារាងស្អាត គួរចៀសវាងអាហារពេលព្រឹក៤ប្រភេទខាងក្រោមនេះ ដោយហេតុថា៖
១-ភេសជ្ជៈកំប៉ុង
មនុស្សភាគច្រើនចូលចិត្តញ៉ាំទឹកផ្លែឈើនៅពេលព្រឹក ព្រោះវាអាចជួយបង្កើនកម្លាំង និងរក្សាសម្រស់បាន។ បើជាទឹកផ្លែឈើស្រស់ដែលក្រឡុក ឬកិនយកទឹក វាអាចផ្ដល់ផលល្អសម្រាប់រាងកាយពិតប្រាកដមែន ប៉ុន្តែបើជាភេសជ្ជៈឬទឹកផ្លែឈើកំប៉ុង ស្រីៗយើងគួរកុំញ៉ាំដាច់ខាត ព្រោះផលិតផលប្រភេទអស់នេះមានជាតិស្ករខ្ពស់ និងប្រើសារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលប៉ះពាល់ខ្លាំងសម្រាប់ការថែរក្សារូបរាងកាយរបស់អ្នក។
២-នំប៉័ងស
នំប៉័ងដែលមានសាច់ពណ៌សផ្សំឡើងពីល្បាយម្សៅជាច្រើន និងមានជាតិស្ករខ្ពស់អាចបណ្ដាលឱ្យឡើងគីឡូបាន។ ដូច្នេះបើអ្នកកំពុងចង់សម្រករាង ឬថែរក្សារាងឱ្យនៅស្លីមស្អាត គួរកុំញ៉ាំនំប៉័ងប្រភេទនេះ គួរជ្រើសរើសនំប៉័ងស្រូវសាឡី ឬនំប៉័ងអូលីវទើបល្អជាង។
៣-កាហ្វេដាក់ស្ករនិងគ្រីម
អ្នកដែលចូលចិត្តញ៉ាំកាហ្វេមកពីគិតថា កាហ្វេអាចធ្វើឱ្យខួរក្បាលស្រឡះ បំបាត់ភាពងងុយ និងមានកម្លាំង ឆាប់គិតការងារអ្វីចេញ។ ប៉ុន្តែបើអ្នកញ៉ាំកាហ្វេដោយមិនបានត្រឹមត្រូវ វាក៏អាចធ្វើឱ្យខូចសុខភាព ឬឡើងគីឡូដែរ។ ស្ករ និងគ្រីម ឬទឹកដោះគោដែលដាក់ក្នុងកាហ្វេអាចធ្វើឱ្យអ្នកធាត់ដោយមិនដឹងខ្លួន ព្រោះតែកាឡូរីខ្ពស់ដែលមានក្នុងនោះ។
៤-អាហារពេលព្រឹកបែបអឺរ៉ុប
នារីដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់គួរចៀសវាងអាហារប្រភេទនេះ ព្រោះវាត្រូវការចម្អិនដោយការចៀន និងប្រើម៉ាយូណេសសម្រាប់សាឡាត់ ដែលអាចឱ្យរាងកាយធាត់បានយ៉ាងងាយ។ ម្យ៉ាងទៀត ស៊ុតចៀនក៏អាចធ្វើឱ្យអ្នកធាត់បានដែរ ដោយសារតែប្រូតេអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ និងពីជាតិប្រេងដែលចៀននោះ៕

