សូមស្វាគមន៍មកកាន់គេហ៌ទំព័រវេបសាយ ហេង សុធីរ យើងខ្ញុំនិងចែករំលែកចំណេះដឹងជាច្រើនដល់អ្នកទាំងអស់គ្នា នៅក្នុងគេហ៌ទំព័រវេបសារបស់ខ្ញុំ!

Search




ការចូលមកដល់នៃសមាជិកថ្មី គីជារឿងដែលរីករាយ និងសប្បាយចិត្តបំផុតរបស់ក្រុមគ្រួសារ​នីមួយ​ៗ។ ប៉ុន្ដែវិធីសម្រាលគឺជារឿង​ដែលអ្នកម្តាយត្រូវគិតទុកជាមុន ដើម្បី​ធ្វើឲ្យ​ម្ដាយ​ និង​កូន​មានសុវត្តិភាព។

យោងតាមអត្ថបទសុខភាពរៀបរៀងដោយវេជ្ជបណ្ឌិត លី ឈីវអៀង​ ត្រួតពិនិត្យដោយវេជ្ជបណ្ឌិត ឈុន សមសោភា នៃមន្ទីពេទ្រកាល់មែតបានពន្យល់ថា៖ ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យ​សម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យ​ព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?

ក) ផលវិបាកអំឡុងពេលវះកាត់៖
  • ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)
  • ការបាត់បង់ឈាមច្រើនពេលវះកាត់
  • ការដាច់រហែកកស្បូនខ្លាំង
  • របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ
ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
  • ការបង្ករោគផ្សេងៗ មានដូចជាៈ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។
  • ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
  • ភាពស្លេកស្លាំង
  • ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឲ្យ​មានវិបត្តិផ្លូវដង្ហើម
គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖
  • ការវះកាត់យកកូនសារជាថ្មី
  • ការធ្លាយស្បូន
  • សុកពាំងមាត់ស្បូន
  • សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន៕

អត្ថបទបន្ថែម

បកប្រែភាសាប្រទេស

Automatic Ads (728x90)















 
Top