១. ចម្អិនបន្លែយូរពេក
ការចម្អិនបន្លែដល់រលួយ ឬឆ្អិនពេក អាចធ្វើឱ្យបាត់បង់សារធាតុបំប៉នផ្សេងៗ និងវីតាមីន។ ដើម្បីទទួលជីវជាតិឱ្យបានគ្រប់គ្រាន់ អ្នកគួរតែចម្អិនវាឆ្អិនល្មម។ សម្រាប់បន្លែខ្លះដែលអាចញាំឆៅបានគួរតែញាំ ព្រោះសារធាតុដែលមាននៅក្នុងបន្លែ មិនអាចទ្រាំទ្រជាមួយកម្តៅខ្លាំងបាននោះទេ។ អ្វីដែលល្អបំផុតគឺ ញាំវាជាមួយស៊ុប។
២. ការប្រើគ្រឿងទេសច្រើនពេក
ជាទូទៅ ប្រជាជនខ្មែរយើងតែងតែប្រើគ្រឿងទេសជាច្រើនសម្រាប់ធ្វើម្ហូប ដោយមិនបានដឹងថាការប្រើគ្រឿងទេសដូចជាអំបិល ទឹកស៊ីអ៊ីវច្រើន ប៊ីចេង អាចបណ្តាលឱ្យលើសសូដ្យូមនៅក្នុងខ្លួន និងធ្វើឱ្យពុកឆ្អឹង។អ្នកគួរតែប្រើគ្រឿងទេសដែលមិនសូវប៉ះពាល់សុខភាព ឬប្រើបរិមាណសមល្មម។
៣. ប្រើប្រាស់ប្រេងមិនត្រឹមត្រូវ
ប្រេងទាំងអស់មានមុខងារផ្សេងៗគ្នា មិនមែនប្រេងទាំងអស់សុទ្ធតែប្រើដូចគ្នានោះទេ។ ប្រេងអូលីវល្អសម្រាប់ការចម្អិនកម្តៅល្មម បើសិនជាអ្នកយកវាមកប្រើសម្រាប់បំពងឬចៀន នោះវាអាចឆ្ងៀម ហើយប៉ះពាល់ដល់សុខភាព។ សម្រាប់ការបំពងឬចៀន អ្នកគួរតែប្រើប្រេងផ្កាឈូករ័ត្ន ឬប្រេងបន្លែផ្សេងៗ។
៤. ចិតសំបកអស់ពេក
ការចិតសំបកចេញពីគ្រប់បន្លែទាំងអស់ គឺប្រៀបដូចជាបោះចោលជីវជាតិដែលមាននៅក្នុងបន្លែអញ្ចឹង។ សំបក ដំឡូង ការ៉ុត ល្ពៅ ត្រសក់ ផ្លែប៉ោមមានវីតាមីនស្ទើរតែច្រើនជាងសាច់ទៅទៀត។ សំបកបន្លែនិងផ្លែឈើមានវីតាមីន និងហ្វៃបឺរ(Fiber) ជាច្រើន។
៥. មិនបានលាងទឹកបន្លែឱ្យបានត្រឹមត្រូវ
យើងគ្រប់គ្នាមិនអាចប្រាកដទេថា ការលាងបន្លែ និងផ្លែឈើធម្មតាបានស្អាតល្អ ព្រោះមេរោគនិងបាក់តេរីទាំងឡាយមិនអាចឃើញ ដោយភ្នែកទទេនោះទេ។ ប៉ុន្តែត្រូវច្បាស់ថា បានសម្អាតវាត្រឹមត្រូវច្រើនទឹក និងបានស្អាត។ ដើម្បីឱ្យកាន់តែច្បាស់ American Chemical Society ណែនាំឱ្យប្រើម្សៅសូដាដើម្បីលាងបន្លែ ព្រោះវាអាចកំចាត់បរាសិត និងមេរោគបាន។
៦. ចម្អិនដោយប្រើទឹកឃ្មុំ
ការប្រើទឹកឃ្មុំ គឺល្អសម្រាប់បន្ថែមជាតិផ្អែម ព្រោះវាជារបស់ផ្អែមពីធម្មជាតិ។ ប៉ុន្តែអ្នកមិនគួរយកទឹកឃ្មុំទៅចម្អិនភ្លើងខ្លាំងពេកនោះទេ ព្រោះអង់ស៊ីមដែលមាននៅក្នុងទឹកឃ្មុំអាចនិងបាត់បង់។ ដូច្នេះអ្នកគួរតែប្រើវាបន្ទាប់ពីចម្អិនរួច ជាជាងចម្អិនវាជាមួយម្ហូប។
៧. ប្រើប័រដើម្បីបន្ថែមរសជាតិ
ការប្រើប័រអាចជួយដល់ម្ហូបឱ្យកាន់តែឆ្ងាញ់ជាងប្រើប្រេង ប៉ុន្តែអ្នកគួរតែគិតពីសុខភាពផងព្រោះប័រសំបូរទៅដោយកាឡូរី។ កាឡូរីអស់ទាំងនោះអាចធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន ជាពិសេសវាអាចធ្វើឱ្យមានខ្លាញ់នៅក្នុងសរសៃឈាម ៕

