មនុស្សមិនតិចទេ ជាពិសេសស្រីៗ មិនថាមានសក់វែង ឬខ្លីតែងតែជួបបញ្ហារំខានសក់ឡើងប្រេង មានសភាពស្អិត មើលទៅដូចទទឹកជោគគ្រប់ពេល ហើយធ្វើម៉ូដមិនដែលបានជាប់នឹងគេសោះ។ អ្នកសក់ឡើងប្រេងប្រភេទនេះនឹងធ្វើឲ្យមានការរំខានចិត្តខ្លាំង ហើយពួកគេត្រូវកក់សម្អាតសក់ជារៀងរាល់ថ្ងៃដែលជាមូលបណ្ដាលឲ្យសក់ខូចនិងមានបញ្ហាស្បែកក្បាល។ ប៉ុន្តែ បើចេះតិចនិក ៣ យ៉ាងនេះ ធានាសក់មិនងាយឡើងប្រេងនាំឲ្យពិបាកកក់សក់រាល់ថ្ងៃទៀតឡើយ៖
១. ប្រើផលិតផលកក់សក់តិចតែមានគុណភាព
ប្រើផលិតផលកក់សក់ច្រើនមានដូចជាសាប៊ូផង ក្រែមបន្ទន់សក់ផង សេរ៉ូមផង ប្រេងបំប៉នសក់ផងនោះ នឹងធ្វើឲ្យសក់ឡើងប្រេងឆាប់ទ្វេដង។ ព្រោះផលិតផលខ្លះគ្មានគុណភាព ដែលជួយបានតែពេលខ្លីតែបំផ្លាញនៅពេលយូរខាងមុខ។ ដូច្នេះហើយយកល្អអ្នកមានសក់ឡើងប្រេងគួរណាស់ចេះជ្រើសរើស និងប្រើផលិតផលកក់សក់តិចមុខ ត្រឹមតែសាប៊ូជាមួយក្រែមបន្ទន់តែមានគុណភាពខ្ពស់វិញប្រសើរជាង។
២. កុំចេះតែលូកដៃស្ទាបឬអង្អែលសក់
ឧស្សាហ៍យកដៃលូកលេងសក់ នាំឲ្យសក់បាត់បង់ភាពរលាស់ និងភ្លឺចែងចាំង មិនតែប៉ុណ្ណោះវាធ្វើឲ្យសក់ឆាប់ឡើងប្រេងលឿនផងដែរ។ ឈប់យកដៃលែងអង្អែលសក់ អ្នកនឹងមានអារម្មណ៍ថាសក់ក្រឡើងប្រេងជាងរាល់ដង។
៣. ពេលងូតទឹកត្រូវប្រើមួកជ័រ
អ្នកខ្លះនិយមក្របួចសក់ឡើង ហើយអត់ពាក់មួកទេរាល់ពេលមុជទឹកធ្វើរបៀបនេះ ពេលមុជទឹកធ្វើឲ្យសាចទឹកខ្ទាតប្រឡាក់សក់សើមអស់។ ប្រការនេះហើយដែលធ្វើឲ្យសក់ឡើងប្រេងលឿន។ ដូច្នេះពាក់មួកជ័រការពារពេលមុជទឹកអាចជួយឲ្យសក់ ក្រឡើងប្រេងមិនចាំបាច់កក់រៀងរាល់ថ្ងៃ៕

