រាល់ពេលចេញទៅខាងក្រៅ ស្បែករបស់យើងនឹងទទួលរងការបំផ្លាញពីកម្តៅថ្ងៃ ពិសេសប៉ះរដូវកាលចូលឆ្នាំខ្មែរខាងមុខ កម្តៅថ្ងៃខែចែត្រជះមកពេញទំហឹងតែម្តង ដែលចាំបាច់ត្រូវតែមានអាវដៃវែងដើម្បីពាក់បិទបាំង។ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ត្រូវការប្រើឡេការពារកម្តៅថ្ងៃបន្ថែមផងដែរ ព្រោះមិនប្រាកដថារាល់ពេលចេញទៅខាងក្រៅដើរលេង អ្នកត្រូវឃ្លុំជាមួយអាវដៃវែងរហូតទេ។ តិចនិកទាំង ៥ខាងក្រោម នឹងជួយអ្នកក្នុងការរើសប្រភេទឡេ និងរបៀបប្រើប្រាស់ឲ្យមានប្រសិទ្ធភាព៖
១. មើលលើកម្រិត SPF
SPF (Sun Protection Factor) គឺជាកម្រិតនៃការការពារពីកម្តៅព្រះអាទិត្យ ដោយវាមានបង្ហាញនៅលើសំបកដបស្រាប់។ កម្រិត SPF ដែលសមស្របសម្រាប់ប្រភេទស្បែកទូទៅ គឺមិនត្រូវទាបជាង ១៥ ឬលើសពី ៩០ឡើយ។
២. រើសប្រភេទដែលធន់នឹងទឹក
ប្រើឡេនេះតែមួយប្រភេទអាចចំណេញទាំងពេលចេញទៅខាងក្រៅ និងពេលទៅដើរលេងនៅសមុទ្រ។
៣. សម្រាប់ស្បែកដែលងាយប្រតិកម្ម
សម្រាប់ស្បែកដែលងាយប្រតិកម្ម គឺចាំបាច់ត្រូវតែប្រើជាដាច់ខាត ប៉ុន្តែគួរជ្រើសរើសឡេការពារកម្តៅថ្ងៃរបស់កូនក្មេងវិញ ព្រោះវាមានផ្ទុកធាតុគីមីតិចជាង។
៤. មើលលើ UVA និង UVB
ឡេការពារកម្តៅថ្ងៃមិនត្រឹមតែការពារស្បែកមិនឲ្យជាំខ្មៅដោយសារកម្តៅថ្ងៃប៉ុណ្ណោះទេ ប្រសិនបើវាមានផ្ទុក UVA និង UVB បន្ថែមទៀត នោះនឹងជួយការពារស្នាមជ្រួញផងដែរ។
៥. លាបពេលណាទើបមានប្រសិទ្ធភាព?
គួរលាបឡេពី ១៥ ទៅ ២០នាទីមុនពេលចេញទៅត្រូវកម្តៅថ្ងៃ ដើម្បីឲ្យវាជ្រាបចូលទៅក្នុងស្បែកអស់ ហើយត្រូវលាបរៀងរាល់ ២ម៉ោងម្តង៕

