ស្នាមមុនដែលនៅជាប់លើផ្ទៃមុខ និងស្បែកស្រអាប់គឺជាអ្វីដែលនារីស្អប់បំផុត រហូតត្រូវចំណាយប្រាក់ទិញថ្នាំ ឬឡេលាប។ បើអ្នកកំពុងស្វែងរកវិធីដ៏មានសុវត្ថិភាពក្នុងការបញ្ឈប់បញ្ហាលើស្បែកមុខទាំងនេះ អាចងាកមកសាកល្បងវិធីឆ្ពុងបែបធម្មជាតិដោយប្រើគ្រឿងផ្សំតែបីប៉ុណ្ណោះ គឺស្លឹកគ្រៃ ក្រូចឆ្មារ និងអំបិល ធានាថានឹងទទួលបានស្បែកមុខដ៏ស្រស់ថ្លា ម៉ត់រលោង និងបំបាត់មុនបានយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ៖
- យកស្លឹកគ្រៃ៦គល់មកពុះពាក់កណ្ដាល ចំណែកក្រូចឆ្មារហាន់ជាចំណិតស្ដើងៗ។
- យកឆ្នាំងដាំទឹក២លីត្រឱ្យពុះ រួចដាក់ស្លឹកគ្រៃ និងក្រូចឆ្មារដែលហាន់រួចចូល បង់អំបិលមួយស្លាបព្រាបាយកូរឱ្យសព្វ។
- ក្រោយទឹកស្លឹកគ្រៃពុះហើយ ចូរបន្ថយភ្លើងមកតិចៗវិញរយៈពេល៥ទៅ១០នាទី ដើម្បីរម្ងាស់ឱ្យចេញប្រេងធម្មជាតិពីស្លឹកគ្រៃ និងក្រូចឆ្មារ។
វិធីប្រើ៖
វិធីទី១
អាចយកទឹកនេះមកប្រើសម្រាប់លាងមុខជាមុនសិន ដើម្បីលាងសម្អាតជាតិពុល កោសិកាងាប់ៗដែលនៅជាប់ស្បែកមុខ និងដើម្បីបើករន្ធញើសឱ្យរីកធំ។
វិធីទី២
- បន្ទាប់ពីលាងសម្អាតផ្ទៃមុខរួច យកទឹកដែលដាំខាងលើដាក់ឆ្នាំងដី ឬក្នុងឆ្នាំងក្ដៅដាក់លើតុ។
- យកកន្សែងធំមកគ្របជុំវិញមុខ ដោយឱនមុខនៅរកឆ្នាំងទឹក (យកកន្សែងគ្របឱ្យជិត កុំឱ្យចំហាយទឹកចេញក្រៅបាន)។
- ពេលកំពុងទទួលចំហាយឆ្ពុង ត្រូវឱនមុខត្រឹម២០ស.មពីឆ្នាំងទឹកបានហើយ កុំដាក់ជិត ឬឆ្ងាយជាងនេះ ហើយយកម្រាមដៃម៉ាស្សាថ្នមៗលើផ្ទៃមុខ ដោយរុញជារង្វង់ចុះឡើងៗ ដើម្បីឱ្យចំហាយឆ្ពុងជ្រាបចូលស្បែកមុខបានល្អ។
សម្គាល់
ក្នុងរយៈពេលប្រើវិធីព្យាបាលមុនដោយឆ្ពុងនេះ ត្រូវកាត់បន្ថយការញ៉ាំហឹរ ជូរ និងរបស់ចៀន ហើយងាកមកញ៉ាំបន្លែ ផ្លែឈើ និងផឹកទឹក២ទៅ២,៥០លីត្រក្នុងមួយថ្ងៃ៕

